តាំងពីឆ្នាំ២០២៣មក សហគមន៍អឺរ៉ុបបានបោះឆ្នោតលើច្បាប់ថ្មីមួយដែលតម្រូវឱ្យរាល់ឧបករណ៍អេឡិចត្រូនិកទាំងអស់រួមមាន ថេប្លែត និងទូរសព្ទឆ្លាតវៃត្រូវមានថ្មដែលអាចផ្លាស់ប្ដូរបានដោយអ្នកប្រើប្រាស់។ ច្បាប់ថ្មីនេះនឹងមានសុពលភាពចាប់ពីដើមឆ្នាំ២០២៧តទៅ។
ច្បាប់ថ្មីដែលនឹងមានសុពលភាពចាប់ពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៧ តទៅនេះ នឹងដាក់គំនាបថ្មីដល់ក្រុមហ៊ុនផលិតថេប្លែត និងទូរសព្ទឆ្លាតវៃទាំងអស់ឱ្យបំពេញលក្ខណៈដាច់ខាតនេះប្រសិនបើពួកគេនៅតែចង់នាំចូលផលិតផលរបស់ខ្លួនចូលទីផ្សារសហគមន៍អឺរ៉ុប។ វាមានន័យថា បើសិនជាចង់នាំចូល ឧបករណ៍របស់ក្រុមហ៊ុនទាំងអស់នឹងតម្រូវឱ្យអាចផ្លាស់ប្ដូរថ្មបានដោយងាយជាងមុនសម្រាប់អ្នកប្រើប្រាស់ តួយ៉ាងដូចជាគ្រាន់តែហូតថ្មចាស់ចេញដាក់ថ្មថ្មីចូល ឧបករណ៍នឹងដំណើរការបានជាធម្មតា (Plug-and-play battery)។ ជាមួយគ្នានោះដែររោងចក្រផលិតតម្រូវឱ្យរក្សាទុកផលិតផលថ្មថែប្លេត/ទូរសព្ទរបស់ម៉ូដែលនោះក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ពីម៉ូដែលនោះបញ្ឈប់ការផលិត។

ដើម្បីហេតុដែលនាំឱ្យមានការបង្កើតច្បាប់នេះឡើងគឺមានលក្ខណៈត្រង់ៗតែម្ដង ព្រោះថាមនុស្សមួយចំនួនធំផ្លាស់ប្ដូរឧបករណ៍របស់គេមិនមែនមកពីវាខូចនោះទេ តែមកពីបញ្ហាថ្ម។ សហគមន៍អឺរ៉ុបរំពឹងថាការដាក់ចេញច្បាប់ថ្មីនេះនឹងជួយដេរហោប៉ៅអ្នកប្រើប្រាស់កុំឱ្យខ្ជះខ្ជាយលុយប្រហែលជា ២០ពាន់លានអឺរ៉ូនៅដំណាច់ទសវត្ស 2020s នេះ។
សំណួរសួរថា តើការច្បាប់ថ្មីរបស់សហគមន៍អឺរ៉ុបនេះនឹងមានឥទ្ធិពលដល់ទីផ្សារតំបន់ផ្សេងទៀតឬអត់? ចម្លើយគឺ “ពិតណាស់គឺអាច” ព្រោះបច្ចុប្បន្ននេះក្រុមហ៊ុនដូចជា ក្រុមហ៊ុនផ្លែប៉ោមឆកមួយចំណិត ស៊ាំស៊ុង និងហ្គោហ្គលបានត្រៀមខ្លួនសម្រាប់ផលិតដែលនឹងចេញក្នុងឆ្នាំ២០២៧ រួចជាស្រេច ជំនួសឱ្យការបែងចែកទីផ្សារច្រើនតំបន់ផ្សេងគ្នា សម្រាប់អឺរ៉ុបផ្សេង អាស៊ី ឬអាហ្វ្រិកផ្សេងៗ ពួកគេបានបញ្ចេញផលិតដែលមានស្តង់ដាតែមួយគឺអាចផ្លាស់ប្ដូរថ្មបានងាយៗដោយអ្នកប្រើប្រាស់។ ការណ៍នេះធ្វើឱ្យគេអបអរសាទរចំពោះឥទ្ធិពលអឺរ៉ុបក្នុងការកំណត់ច្បាប់ដែលមានលក្ខណៈសន្សំសំចៃសម្រាប់អ្នកប្រើប្រាស់ និងច្បាប់ដែលជាមិត្តជិតស្និត (ផ្ដល់ប្រយោជន៍) ដល់បរិស្ថានផងដែរ។
និយាយចំពោះក្រុមហ៊ុនផ្សេងៗក្រៅពី Apple ច្បាប់នេះហាក់មិនពិបាកក្នុងការអនុវត្តឡើង ខណៈដែលសម្រាប់ Apple វិញទើបតែបានត្រូវថ្មោង EU កាលពីចុងឆ្នាំ ២០២៤ ដោយត្រូវផ្លាស់ប្ដូររន្ធសាកថ្មពី Lightning ទៅ USB-C ទូទៅដូចទូរសព្ទដទៃ។
អត្ថន័យក្នុងច្បាប់បានផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ដូចតទៅ៖
- ផ្ដល់ភាពងាយក្នុងការផ្លាស់ប្ដូរ៖ អ្នកប្រើប្រាស់អាចផ្លាស់ប្ដូរថ្មដោយខ្លួនឯងងាយជាងមុន
- មិនចាំបាច់ប្រើឧបករណ៍ឯកទេស៖ អ្នកប្រើប្រាស់មិនចាំបាច់រកឧបរកណ៍ឯកទេសដែលបម្រើឱ្យការផ្លាស់ប្ដូរនេះឡើយ មានតែទួនឺវីសសម្រាប់មួលខ្ចៅជាការស្រេច
- ថ្មជំនួសមានគ្រប់គ្រាន់៖ រោងចក្រចាំបាច់ត្រូវផលិតថ្មជំនួសឱ្យបានគ្រប់គ្រាន់ និងរក្សាសង្វាក់ផលិតឱ្យបានយ៉ាងតិច ៥ឆ្នាំ បន្ទាប់ពីម៉ូដែលនីមួយៗត្រូវបានបញ្ឈប់ការផលិតក៏ដោយ
ជាចុងក្រោយ៖ ចាប់ពីឆ្នាំ២០២៧ ទៅយើងគ្រប់គ្នានឹងមិនសូវខ្ជះខ្ជាយប្រាក់កាសលើការប្ដូរទូរសព្ទទៀតហើយ ទូរសព្ទប្រើមិនកើតដូរតែថ្មមួយគ្រាប់ទៅរួចស្រេច។ លុយក៏សល់ច្រើនជាងមុន ថាមិនត្រូវលុយសល់ទាំងនោះអាចសន្សំការប្រពន្ធបាន ២-៣នាក់ឯណុះ។
ប្រភព៖ Phone Arena,