ជីវិត​អមតៈ​របស់​សត្វ Jelly Fish

ថ្ងៃ​បុណ្យ​សព​ឪពុក​របស់ Jimmy Kiss ខ្ញុំ​បាន​នាំ​កូនៗ​ទៅ​ចូល​រួម​ដែរ។ អូន​ម៉ុច​ក៏​ប្រាប់ខ្ញុំ​ថា៖ ប៉ាៗ​កូន​មិន​ចង់​ស្លាប់​ទេ កូន​ចង់​រស់​នៅ​ជីវិត​អមតៈ​ដូច Jelly Fish (ត្រី​ចាហួយ) ដែរ ។ ខ្ញុំ​ស្ដាប់​ហើយ​លួច​អស់​សំណើច​ក្នុង​ចិត្ត​នូវ​សំណួរ​បែបក្មេងសេចក្ដី​របស់​គេ។ ជា​រឿយៗ​ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​ឱ្យ​កូន​សួរ​ខ្ញុំ​អី​ក៏​បាន​។ កុំ​ខ្លាច ហើយ​កុំ​បារម្ភ​ថា​ប៉ា​សើច​​នឹង​សំណួរ​កូន ចង់​សួរ​អី​សួរ​មក។ កន្លែង​ណា​ប៉ា​ចេះ​ប៉ា​ឆ្លើយ​ភ្លាមៗ កន្លែង​ណា​អ​ត់​ចេះ​ប៉ា​ទៅ​ស្រាវជ្រាវ​សិន​។ កុំ​ខ្លាច​ថា​សំណួរ​ហ្នឹងជា​សំណួរ​បែប​ឡប់ៗ​អី ព្រោះ​ប៉ា​ក៏​សម្បូរ​សំណួរ​ឡប់ៗ​​ពេញ​ខួរ​ក្បាល​ដែរ​។ ជំនាន់​មុន​សំណួរ​ឡប់ៗ​របស់​ប៉ា​ពិបាក​រក​ចម្លើយ​ណាស់ តែឥឡូវ​មិន​ខ្វះ​មធ្យោបាយ​ទេ។

តប​ទៅ​នឹងការ​លើក​ឡើង​របស់​​កូន ខ្ញុំ​បាន​សួរ​ត្រឡប់​ទៅ​វិញ​ថា៖ បើ​កូន​ចង់​រស់​នៅ​អមតៈ​ដូច​ Jelly Fish កូន​ត្រូវ​ទទួល​យក​នូវ​ស្ថានភាព​រស់​នៅ​បែប​ Jelly Fish ដែរ​។ កូន​ដែល​ឃើញ Jelly Fish មាន​ទូរស័ព្ទ​ប្រើ មាន​អ៊ីនធឺណិត មាន​ម៉ាស៊ីន​ត្រជាក់គេង ដែល​ឃើញ​វា​ជិះ​ម៉ូតូ​ចេញ​ទ្រីប​ឆ្ងាយៗ មាន​ម្ហូប​សាច់​បន្លែ​ញ៉ាំ​ឆ្ងាញ់ៗអត់?

ម៉ុច ៖ អត់​ផង វា​នៅ​តែ​ក្នុង​ទឹក​សមុទ្រ ប្រៃឡប់!!

ខ្ញុំ៖ ត្រូវ! វា​រស់​អមតៈ​មែន តែ​វា​គ្មាន​អ្វី​ទាំង​អស់​ដូច​យើង​ទេ ហើយ​​គ្រប់ Jelly Fish មិន​មែន​​សុទ្ធតែ​អាច​រស់​នៅ​អតមៈ​ដែរ អាខ្លះ​ក្លាយ​ជា​ចំណីសត្វ​ដទៃ អា​ខ្លះ​រលក​បោក​បក់​មក​ងាប់​លើ​ច្រាំង…ទាល់​តែ​វា​រស់​ក្នុង​អាង​កញ្ចក់​តែ​ឯង​អី​ទើប​អាច ហី​រស់​អត់​សេរី​ភាព​ចឹង​ យក​ភាព​អមតៈ​មក​ធ្វើ​អី? អ៊ីចឹង​កូន​​ចង់​រស់​ជា​ Jelly Fish ឬ​មនុស្ស?

ម៉ុច៖ ​អូហ៍…មិនបាច់​ទេ រស់​ជា​មនុស្ស​វិញ​ប៉ា 😀

ខ្ញុំ៖ អឺ​ខំ​រៀន​ចឹង!!

កូន​ត្រូវ​ចាំ​ ធម្មជាតិ​យុត្តិធម៌ណាស់។ គេ​ដក​អ្វី​ពី​យើង តែ​គេ​ដាក់​របស់​ផ្សេង​ដែល​មាន​តម្លៃ​ជាង ដែល​ចាំបាច់​ជាង។ គេ​ដក​ស្លាប​មិន​ឱ្យ​យើង​ហោះ គេ​ដក​ក្រញាំមិន​ឱ្យ​សម្លាប់​សត្វធំៗបាន​ គេ​ដក​ល្បឿន​មិន​ឱ្យ​យើង​រត់​លឿន​ដូច​ខ្លា​ឈីតា(Cheetah)…. តែ​គេ​ឱ្យ​មក​យើង​នូវរបស់​មួយ​គឺ​ «បញ្ញា» ។ ហោះ​អត់​កើត​មែន? យើង​ធ្វើ​យន្តហោះ​បាន សម្លាប់​អត់​បាន​ដោយ​ក្រញាំមែន? យើង​សាង​អាវុធ​គ្រប់​បែប​យ៉ាង រត់​អត់​លឿន? មាន​ឡាន​មាន​ម៉ូតូ​ហើយ រត់​នាំ​ហត់​អី?… អាបញ្ញា​ហ្នឹង​គ្មាន​ព្រះ​ណា​មក​ឱ្យ​យើង​ទេ (ខ្ញុំ​មិន​ដែល​ណែនាំ​កូន​អំពី​ព្រះ​ទេ ព្រោះ​អ្នក​វិទ្យា​សាស្ត្រ​និយម​ដូច​ខ្ញុំ​គ្មាន​ជំនឿ​ថា​មាន​ព្រះមាន​ព្រហ្ម​​ឡើយ) វា​កើត​ឡើង​ពី​ការ​ប្រឹង​ប្រែង​ព្យាយាម​តស៊ូ​នឹង​ភាំព​លំបាក និង​ការ​វវិឌ្ឍ​របស់​យើង​តាំង​ពី​ជំនាន់​ដូន​តារាប់​សិប​លាន​ឆ្នាំ​មក។ តែ​បញ្ញា​របស់​យើង​នេះ​ក៏​ចង្រៃ​ណាស់​ដែរ ទី​ណា​មាន​មនុស្ស ទី​នោះមិន​យូរ​មិន​ឆាប់​នឹង​រលាយ (Sic)។

អាន​បន្ថែម៖ ហេតុអ្វី​ត្រី​ចាហួយ Jelly Fish (ពូជ Turritopsis dohrnii) អាច​រស់​នៅ​ជីវិត​អមតៈ? https://en.wikipedia.org/wiki/Turritopsis_dohrnii

About author View all posts Author website

Bandith

I like tech, music, travel and photography. I will write about those subjects whether I have free time to go for it.

Leave a Reply

Your email address will not be published. Required fields are marked *