កំឡុងឆ្នាំ ១៩៩៧-១៩៩៨?? (ខ្ញុំមិនចាំ) ពេលនោះខ្ញុំមិនជាក្មេងអាឡេអាឡឺអីទេ ធំដែរហើយរៀនថ្នាក់ទី១០-១១អី។ ពេលតាបង្កើតខ្ញុំគាត់ចែកឋានទៅ មានរឿងពីរដែលខ្ញុំចងចាំមិនភ្លេច។ រហូតមកដល់ពេលនេះខ្ញុំនៅតែមិនយល់ថា “ហេតុអី?”
១. ខ្ញុំនិងតាកើតឆ្នាំចដូចគ្នា។ ពេលបើកមឈូសដើម្បីចំអាសសព និងមើលមុខគាត់ចុងក្រោយ ខ្ញុំខឹងអើយខឹង។ គេដេញខ្ញុំឱ្យទៅក្នុងបន្ទប់តែឯងព្រោះគេថា “ឆុង” ។ ហីមនុស្សខ្ញុំនៅក្មេងចឹងមែន តែខ្ញុំគ្មានជឿអាជំនឿល្បល់កាច់យ៍អីអស់ហ្នឹងទេ។ ខ្ញុំបានត្រឹមតែសម្លឹងតាមចម្រឹងបង្អួចក្នុងបន្ទប់មើលសកម្មភាពទាំងនោះពីចម្ងាយ។
២. គេចោតខ្ញុំថាបានលួចលុយដែលជាបច្ច័យបុណ្យ។ ពូមីងមួយចំនួនមិនទុកចិត្តខ្ញុំ ថាខ្ញុំមានដៃមានជើង។ ខ្ញុំហ្នឹងជាក្មេងអាក្រក់បែបហ្នឹង? បាហ៍…សូមជម្រាបម៉ែឳខ្ញុំប្រដៅក្បាលពួកខ្ញុំបានល្អណាស់ បើក្រឡេកមើលកូនៗរបស់គាត់វិញ ប្រវត្តិសុទ្ធតែអស្ចារ្យ (ណ្ហើយ…មិនចង់រំលឹក)។ ម៉ាក់ខ្ញុំគាត់ដឹងកូនគាត់ គាត់ប្រកែកជាមួយគេ។ គាត់សុខចិត្តនិយាយថា “បើកូនខ្ញុំវាលួចមែន ខ្ញុំសុទ្ធចិត្តទទួលជំនួសវា” អរគុណម៉ាក់ដែលតែងតែជឿជាក់លើកូន។ កាលណុងអត់សូវចាំដែរថាហេតុអីបានជាគេចោតខ្ញុំ។ ដូចជាខ្ញុំអ្នកអង្គុយកត់បច្ច័យ? ឬមិនចឹងទេពេលដែលគេដេញខ្ញុំឱ្យទៅនៅក្នុងបន្ទប់ៗហ្នឹងមានផ្ដិលដាក់បច្ច័យនៅក្នុងហ្នឹងដែរ។ ជាយូរឆ្នាំក្រោយមក…ដូចជា ១០-២០ឆ្នាំ ទើបចាស់ៗគាត់ដឹងថាអាឌិតស្អាតស្អំទេ។ អ្នកដែលលួចនោះគឺជាក្មួយសាច់ថ្លៃរបស់គាត់ដែលកាលនោះគាត់ជាចុងភៅម្នាក់។ ពូម្នាក់នោះគាត់សារភាពខ្លួនឯងថាគាត់យកលេងល្បែង។ អស្ចារ្យម៉ងពូ….ភាពស្អាតស្អំរបស់ខ្ញុំត្រូវប្រឡាក់រាប់ឆ្នាំទទេ។
P.S: រឿងជំនឿនេះមួយ មនុស្សជាច្រើនប្រាប់ខ្ញុំថា ជឿខ្លះទៅអាគមផ្សំអាយ៉ូស មិនជឿកុំប្រមាថ ជឿខ្លះទៅក្រែងជីវិតអ្ហែងរុងរឿង…អ្ហែងឃើញទេមកពីមិនជឿហ្នឹងហើយបានវេទនាហ្នឹង ។ល។និង។ល។ បាហ៍….ខ្ញុំនៅតែនិយាយដដែល “មិន” ខ្ញុំមិនជឿ តែខ្ញុំក៏អត់មានប្រមាថដែរ។ បងម្នាក់ជាអតីតមេខ្ញុំ…គាត់ថា មិនជឿក៏មិនបានដែរ ដែលដឹងថាពេលខ្លះ រឿងខ្លះស្រាប់តែផ្ដល់ផលល្អ ស្រាប់តែជួបសំណាង…យើងគិតថាវាចៃដន្យ តែទាំងអស់ហ្នឹងមិនមែនចៃដន្យទេ គេរៀបចំហើយៗ។ ខ្ញុំបានត្រឹមសើចញឹមៗ ហើយងក់ក្បាល គាត់និយាយត្រូវតើខ្ញុំជួបតែញយដែរ។ មិនជឿមែន តែខ្ញុំជឿលើច្បាប់កម្ម និងផល។ ទះគេមួយដៃ ច្បាស់ណាស់នឹងត្រូវមួយដៃវិញ អាច Bonus ថែមមួយជើងទៀតផងក៏មិនដឹង។
រហូតដល់ធំដឹងក្ដីមែនទែន ខ្ញុំរិតតែមិនជឿទៀតថាមាន “ព្រះ”។ មនុស្សជាច្រើនគេថាមកពីវាជាយ៉េស៊ូបានចឹង តែមែនទែនទៅខ្ញុំគឺពុទ្ធសាសនិក ចំពោះខ្ញុំព្រះពុទ្ធគាត់គ្រាន់តែជាទស្សនវិទូដ៏ល្អមួយរូបប៉ុណ្ណោះ។ ជារឿយៗខ្ញុំអាន និងស្ដាប់ពុទ្ធឱវាទរបស់លោក។ គ្រាន់តែធើតាមខ្លះ ហើយអត់ខ្លះតាមភាពជាបុថុជ្ជនរបស់ខ្ញុំ។ សូមកុំគិតអគតិមកលើខ្ញុំ ខ្ញុំមិនជឿ តែខ្ញុំមិនមែនទមិឡទេ ខ្ញុំនៅតែធ្វើអំពើល្អតាមដែលអាចធ្វើបាន។ ខ្ញុំគោរពជំនឿរបស់ you so អ្នកក៏គួរតែ respect ជម្រើសរបស់ me too