Me and My Grandpa: A Story

កំឡុង​ឆ្នាំ ១៩៩៧-១៩៩៨?? (ខ្ញុំ​មិន​ចាំ) ពេល​នោះ​ខ្ញុំ​មិន​ជា​ក្មេង​អាឡេអាឡឺ​អី​ទេ ធំ​ដែរ​ហើយ​រៀន​ថ្នាក់ទី១០-១១​អី​។ ពេល​តា​បង្កើត​ខ្ញុំ​គាត់​ចែកឋាន​ទៅ មាន​រឿង​ពីរ​ដែល​ខ្ញុំ​ចង​ចាំ​មិន​ភ្លេច។ រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​នៅ​តែ​មិន​យល់​ថា “ហេតុអី?”

១. ខ្ញុំ​និង​តា​កើតឆ្នាំ​ចដូច​គ្នា។ ពេល​បើក​មឈូស​ដើម្បី​ចំអាស​សព​​ និង​​មើល​មុខ​គាត់​ចុង​ក្រោយ ខ្ញុំ​ខឹង​អើយ​ខឹង។ គេ​ដេញ​ខ្ញុំ​​ឱ្យ​ទៅ​ក្នុង​បន្ទប់​តែ​ឯង​ព្រោះ​គេ​ថា “ឆុង” ។ ហី​មនុស្ស​ខ្ញុំ​នៅ​ក្មេង​ចឹង​មែន តែ​ខ្ញុំ​គ្មាន​ជឿ​អាជំនឿ​ល្បល់​កាច់​យ៍​អី​អស់​ហ្នឹង​ទេ។ ខ្ញុំ​បាន​ត្រឹម​តែ​សម្លឹង​តាម​ចម្រឹង​បង្អួច​ក្នុង​បន្ទប់មើល​សកម្មភាព​ទាំង​នោះពី​ចម្ងាយ។

២. គេ​ចោត​ខ្ញុំ​ថា​បាន​លួច​លុយ​ដែល​ជា​បច្ច័យ​បុណ្យ។ ពូមីងមួយ​ចំនួន​​មិន​ទុក​ចិត្ត​ខ្ញុំ ថា​ខ្ញុំ​មាន​ដៃ​មាន​ជើង។ ខ្ញុំ​ហ្នឹង​ជាក្មេងអាក្រក់​បែប​ហ្នឹង? បាហ៍…សូម​ជម្រាប​ម៉ែ​ឳខ្ញុំ​ប្រដៅ​ក្បាល​ពួក​ខ្ញុំ​បាន​ល្អ​ណាស់ បើ​ក្រឡេក​មើល​កូនៗ​របស់​គាត់​វិញ ប្រវត្តិ​សុទ្ធ​តែ​អស្ចារ្យ (ណ្ហើយ…មិន​ចង់​រំលឹក)។ ម៉ាក់​ខ្ញុំ​គាត់​ដឹង​កូន​គាត់ គាត់​ប្រកែក​ជា​មួយ​គេ។ គាត់​សុខចិត្ត​និយាយ​ថា “បើ​កូន​ខ្ញុំ​វា​លួច​មែន ខ្ញុំ​សុទ្ធ​ចិត្តទទួលជំនួស​វា” អរគុណ​ម៉ាក់​ដែល​តែង​តែ​ជឿជាក់​លើ​កូន។ កាល​ណុង​អត់​សូវ​ចាំ​ដែរ​ថា​ហេតុអី​បានជា​គេ​ចោត​ខ្ញុំ។ ដូច​ជា​ខ្ញុំ​អ្នក​អង្គុយ​កត់​បច្ច័យ? ឬ​មិន​ចឹង​ទេពេល​ដែល​គេ​ដេញ​ខ្ញុំ​ឱ្យ​ទៅ​នៅ​ក្នុង​បន្ទប់ៗហ្នឹង​មាន​ផ្ដិល​ដាក់​បច្ច័យនៅ​ក្នុង​​ហ្នឹង​ដែរ។ ជា​យូរ​ឆ្នាំ​ក្រោយ​មក…ដូច​ជា ១០-២០ឆ្នាំ ទើប​ចាស់ៗ​គាត់​ដឹង​ថា​អាឌិត​ស្អាត​ស្អំ​ទេ។​ អ្នក​ដែល​លួច​នោះ​គឺ​ជា​ក្មួយ​សាច់​ថ្លៃ​របស់​គាត់ដែល​កាល​នោះ​គាត់​ជា​ចុង​ភៅ​ម្នាក់។ ពូម្នាក់​នោះ​គាត់សារភាព​ខ្លួន​ឯង​ថា​គាត់​យកលេង​ល្បែង។ អស្ចារ្យ​ម៉ង​ពូ….ភាព​ស្អាត​ស្អំ​របស់​ខ្ញុំ​ត្រូវ​ប្រឡាក់​រាប់​ឆ្នាំទទេ។

P.S: រឿង​ជំនឿនេះ​មួយ មនុស្ស​ជាច្រើន​ប្រាប់​ខ្ញុំ​ថា ជឿ​ខ្លះ​ទៅ​អាគម​ផ្សំអាយ៉ូស មិន​ជឿកុំ​ប្រមាថ ជឿ​ខ្លះទៅ​ក្រែង​ជីវិត​អ្ហែង​រុងរឿង…អ្ហែង​ឃើញ​ទេ​មក​ពី​មិន​ជឿ​ហ្នឹង​ហើយ​បាន​វេទនាហ្នឹង ។ល។និង។ល។ បាហ៍….ខ្ញុំ​នៅ​តែ​និយាយ​ដដែល “មិន” ខ្ញុំ​មិន​ជឿ តែ​ខ្ញុំ​ក៏​អត់​មាន​ប្រមាថ​ដែរ។ បង​ម្នាក់​ជាអតីតមេ​ខ្ញុំ…គាត់ថា​ មិន​ជឿ​ក៏​មិន​បាន​ដែរ ដែល​ដឹង​ថា​ពេល​ខ្លះ រឿង​ខ្លះ​ស្រាប់​តែ​ផ្ដល់​ផល​ល្អ ស្រាប់​តែ​ជួប​សំណាង​…យើង​គិត​ថា​វាចៃដន្យ​ តែទាំង​អស់​ហ្នឹងមិន​មែន​ចៃដន្យ​ទេ គេ​រៀប​ចំ​ហើយៗ។ ខ្ញុំ​បាន​ត្រឹម​សើច​ញឹមៗ ហើយ​ងក់​ក្បាល គាត់​និយាយ​ត្រូវ​តើ​ខ្ញុំ​ជួប​តែញយ​ដែរ។ មិន​ជឿ​មែន តែ​ខ្ញុំ​ជឿ​លើ​ច្បាប់​កម្ម និង​ផល។ ទះ​គេ​មួយ​ដៃ ច្បាស់​ណាស់​នឹង​ត្រូវ​មួយ​ដៃ​វិញ អាច​ Bonus ថែម​ម​ួយ​ជើង​ទៀត​ផង​ក៏​មិន​ដឹង។

រហូត​ដល់​ធំ​ដឹង​ក្ដី​មែន​ទែន ខ្ញុំ​រិត​តែមិនជឿ​ទៀត​ថា​មាន​ “ព្រះ​”។ មនុស្ស​ជាច្រើន​គេ​ថា​មក​ពីវា​ជា​យ៉េស៊ូ​បាន​ចឹង តែមែនទែន​ទៅ​ខ្ញុំ​គឺពុទ្ធសាសនិក ចំពោះ​ខ្ញុំ​ព្រះ​ពុទ្ធ​គាត់​គ្រាន់​តែ​ជា​ទស្សនវិទូ​ដ៏​ល្អមួយ​រូប​ប៉ុណ្ណោះ។ ជារឿយៗ​ខ្ញុំ​អាន និង​ស្ដាប់​ពុទ្ធ​ឱវាទ​របស់​លោក។ គ្រាន់​តែ​ធើ​តាម​ខ្លះ ហើយ​អត់​ខ្លះ​តាម​ភាព​ជា​បុថុជ្ជនរបស់​ខ្ញុំ។ សូម​កុំ​គិត​អគតិ​ម​កលើ​ខ្ញុំ ខ្ញុំ​មិន​ជឿ តែ​ខ្ញុំ​មិន​មែន​ទមិឡ​ទេ ខ្ញុំ​នៅ​តែ​ធ្វើ​អំពើ​ល្អ​តាម​ដែល​អាច​ធ្វើ​បាន។ ខ្ញុំ​គោរព​ជំនឿ​របស់ you so អ្នក​ក៏​គួរតែ respect ជម្រើស​របស់ me too

About author View all posts Author website

Bandith

I like tech, music, travel and photography. I will write about those subjects whether I have free time to go for it.