ចង់​បាន​សំណែន

កាល​ថ្ងៃ​ឆ្លង​ឆ្នាំ ២០២៤ ចូល ២០២៥ មិត្ត​ភក្តិ​ម៉ូតូ​ធំ​បាន​មក​ជប់​លៀងឆ្លង​នៅ​ផ្ទះ​របោះ​អង្កាញ់។ អ្នក​ចូល​រួម​មាន​ស្រី​មាន​ប្រុសហូប​ចុក​សប្បាយ​ធម្មតាៗ។​ កណ្ដាល​យប់​តិច​ស្រវឹង​ស្រឿងៗ​ពួក​យើងបបួល​គ្នា​និយាយ​រឿង​ខ្មោច និង​បទ​ពិសោធ​ដែល​ធ្លាប់​ជួប​ខ្មោច​ប្រាប់​គ្នា​រៀងៗ​ខ្លួន។​

ខ្ញុំ​គ្មាន​បទ​ពិសោធ​អី​ម៉ា​បៀក​នឹង​គេ​ទេ បាន​ត្រឹម​ស្ដាប់​ចំហរ​មាត់ ស្រាប់​តែ​ពេល​នោះ​ប្អូន​ស្រី​ម្នាក់​ដែល​ត្រូវ​ជា​សង្សារ​របស់​មិត្ត​យើង​ (បើ​តាម​អ្វី​ដែល​គាត់​ធ្លាប់​ប្រាប់ គាត់​ឆ្វាក់​នឹង​អារឿង​ឃើញ​ខ្មោច/ព្រលឹង​ស្រស់ៗ​ហ្នឹង​ណាស់​) បាន​និយាយ​ថា «បង! ខ្ញុំ​មិន​ហ៊ាន​និយាយ​ប្រាប់​បង​ឯង​ភ្លាមៗ តែ​អាលូវ​ខ្ញុំ​ចង់​និយាយ​ប្រាប់​បង។ ពេល​ទៅ​បន្ទប់​ទឹក​បត់​ជើង ចេញ​មក​វិញ​ខ្ញុំ​បាន​ឃើញ​ដូន​ចាស់​ម្នាក់​គាត់​និយាយថា… “អ្ហឹមអ្នក​ផ្ទះ​ហ្នឹង​អត់​មាន​សែន​អី​សោះ អ៊ំ​ឃ្លាន​ណាស់» «ហី​ម៉េច​បង​ឯង​មិន​សែន​ឱ្យ​គេ​ខ្លះ​អ្ហូវ?​»

ខ្ញុំ​ក៏​បាន​សួរ​ទៅ​ប្អូន​ហ្នឹង​វិញ «គាត់​កំពុង​នៅ​ក្បែរ​ហ្នឹង​អត់? អូខេ នៅ​មិន​នៅ​ក៏​ដោយ​ស្ដាប់​ណា៎ កុំ​សង្ឃឹម​បាន​ហូប​សំណែន​អី​ពី​ផ្ទះ​នេះ ពួក​យើងលែង​មាន​ទម្លាប់​អុជ​ធូប​សែន​សុំ​ក្ដី​សុខ​ពី​ព្រលឹង​ពី​អមនុស្ស​អស់​ហ្នឹង​ហើយ។ ទៅ​រក​ណា​បាន​រក​ទៅ។ ​វត្ត​ក្បែរ​ហ្នឹង​ទេ ផ្ទះ​ជាប់​របង​វត្ត​មើល​ឃើញ​ចេតិយ​រាល់​ង៉ៃសោះ​។ បណ្ដែត​ខ្លួន​តែ​ម៉ាត្រុយ​​ដល់​បាត់​ មាន​ស៊ី​មាន​ចុក​បរិបូរ​ហើយ»

ខ្ញុំ​ក៏​បន្ត​ទៀត​ថា មិន​មែន​ខ្ញុំ​មិន​ជឿ​ថា​គ្មាន​ពួក​គេ​ទេ តែ​អ្នក​ផ្ទះ​នេះ​បាន​ស្វែង​យល់​ចាក់​ធ្លុះ​ដល់​សាច់​ចាក់ 👻👻👻 ពួក​យើង​មាន​ខ្លួន​ឯង។ បាន​កើត​ជា​មនុស្ស​យើង​ជា​ភេទ​ខ្ពង់​ខ្ពស់ ពួក​គេ​ជា​ភេទ​ថោកទាបធ្លាក់​ខ្លួន​ដោយ​សារ​បាប​កម្ម​របស់​ខ្លួន​ទៅ​កើត​ជា​ចឹងៗ ហេតុ​អី​ត្រូវ​សុំ​សុខ​ពី​គេ? វា​គួ​រ​តែ​គេ​ទេ​សុំ​សុខ ​សុំ​មេត្តា​ពី​យើង។​ ពួក​យើង​ស្វែង​យល់​ច្រើន​បន្ទាប់​ពី​បាន​ស្ដាប់​លោក​គ្រូ សាន សុជា ជារឿយៗ។ រាន​ទេវតា ជំនៀង​ផ្ទះ​មាន​ធម្មតាៗ តែ​ស្ទើរ​មិន​អុជ​សែនអី​​ទេ មាន​សែន​ដែរ​ពេល​បុណ្យ​ប្រពៃណី​ជាតិ​ធំៗ​តាម​ទម្លាប់​ពី​បុរាណ អុជ​ខ្លះហើយ​ក៏​គ្មាន​ទៅ​ធ្វើ​មាត់​ជីបអូចៗសុំ​អោយ​ខ្ញុំ​សុខសប្បាយ រក​ស៊ី​មាន​បាន​អី​ទៀត​ដែរ៚

P.S: ម្នាក់ៗ​នៅ​ក្នុង​រូប​ហ្នឹង​សុទ្ធ​តែ​មនុស្ស​ទេ គ្រាន់​តែ​ខ្លះ​មុខ​ដូច​ខ្មោច​តិចៗ

About author View all posts Author website

Bandith

I like tech, music, travel and photography. I will write about those subjects whether I have free time to go for it.

Leave a Reply

Your email address will not be published. Required fields are marked *