08/7/15
ដួង​ច័ន្ទ​នា​រាត្រី​នោះ

សម្លេងទារព្រលឹងញ៉ាក់ប្លោក!

ជាទូទៅខ្ញុំមិនដែលបានឃើញខ្មោច ហើយក៏មិនប្រាថ្នាចង់ឃើញដែរ។ ម្យ៉ាងវិញទៀតខ្ញុំក៏ខ្លាចតិចៗ ចិត្តមិនស្លុយក្នុងការចង់ឃើញ ហើយបើគេបន្លាចក៏ខ្លាចដូចតែគ្នា។ រឿងដែលចង្រៃនោះគឺដើរជាមួយ អាឆាយ (អឿន រស់នៅអមរើន) វាច្បាស់ណាស់​អាមួយហ្នឹងមានក្រយៅខ្មោចឱ្យច្បាស់ក្រឡែត ចឹងហើយចង់មិនចង់ខ្ញុំត្រូវតែមកពាក់ព័ន្ធជាមួយខ្មោចឱ្យទាល់តែបាន។

រឿងគឺវាអីញ្ចេះ៖ ក្នុងដំណើរថតរូបនៅខេត្តកំពង់ធំ យើងជិះម៉ូតូពីភ្នំពេញ កាត់កំពង់ឆ្នាំង ហើយឆ្លងវាលទំនាបលេចទឹកនៃបឹងទន្លេសាប រហូតទៅដល់កំពង់ធំ។ មកដល់ភ្នំសន្ទុកនៃខេត្តកំពង់ធំ ល្ងាចល្មមយើងក៏សម្រេចចិត្តថាគេងនៅទីនោះដោយសុំលោកតាសង្គ្រាជវត្តស្នាក់នៅ។ យប់ឡើងដោយមើលឃើញថាមានផ្ទាំងថ្មមួយនៅក្នុងព្រៃលើភ្នំនេះវាទីតាំងល្អសម្រាប់ថតផ្កាយ (Milkyway) ពួកយើងក៏ជម្រាបយាយជីថាមិនចង់គេងក្នុងវិហារទេ ចង់មកគេងនៅលើផ្ទាំងថ្មហ្នឹងវិញ។
ម៉ាក់យាយជីមិនជួយចូកជួយចែវអីទេមានតែបន្លាចថែម។

«ចៅឯងអត់ខ្លាចទេអី? នៅផ្ទាំងថ្មហ្នុងលោកតាំងសម្មាធិ វិញ្ញាណទាំងអស់នោះចេញមកបន្លាចជាខ្លា ជាពស់ធំៗណាស់ណា»។

«អត់អីទេលោកយាយពួកខ្ញុំមិនខ្លាចទេ (និយាយបែបអឿ តែក្នុងចិត្តមួយៗខ្លាចឱ្យញ័រ ដល់ថ្នាក់មានអ្នកខ្លះពេលងូតទឹកបោកហៅគេថាទៅមើលផ្កាយស្អាតណាស់លើមេឃ តែដឹងអីបោកហៅទៅឈរចាំបានជាគ្នារហូតងូតទឹករួច ព្រោះខ្លាចខ្មោចលង ឆើស!!!)» ពួកយើងតប។

មានសម្លេងរបស់យាយជីម្នាក់បន្ទរបែបចាក់ទឹកត្រី ញ៉ិញម្ទេស «មិនអីទេ ស្រេចតែចៅទៅចុះឱ្យតែពូកែរត់»។ អីយ៉ាស់មួយម៉ាត់នេះចាក់ចំបេះដូងហើយវេស។ តែយ៉ាងណាសំដីពួកគាត់មិនបានធ្វើឱ្យយើងបញ្ឈប់មហិច្ចតាឆ្កួតលីលានោះឡើយ ព្រោះយើងគិតថាជីវិតជាអ្នកថតរូបវាត្រូវតែស្អីក៏ជួបចឹងហើយ ម្យ៉ាងយើងមកល្អជាតើ គេមិនធ្វើបាបយើងទេ។ ទោះជាយ៉ាងណានៅតាមផ្លូវម្នាក់ៗមានសំនួរគិតក្នុងចិត្តថាត្រូវទៅវិញឬអត់ ?

«លោកគ្រូ! មិនស្រួលទេហ្អេសទៅវិញ?» ពួកយើងប្រាប់ទៅលោកគ្រូ

តាមពិតក្នុងចិត្តគាត់ក៏ចង់ទៅដែរ តែគាត់ធ្វើដូចមាន់ចឹង ចាំឱ្យពួកយើងហាមាត់មុន ឆើស…ស្គាល់ដល់ពោះវៀនបត់របស់លោកគ្រូអីណុះ!!
ដើរដល់វិហារមួយ ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទាំងថ្មនោះ យើងក៏ឃើញមានលោកនេនតូចៗ និងប្រុសៗប៉ុន្មាននាក់ក្រាលកន្ទេល រៀបចំកន្លែងសម្រាកនៅបរិវេនក្រៅវិហារនោះ។

«លោកគ្រូយើងដេកនៅហ្នឹងដែរទៅហ្អេស មិនបាច់ទៅផ្ទាំងថ្មនោះទេ នៅនេះមេឃក៏ស្រលះល្មមថត Long Exposure ផ្កាយបានដែរតើ!!!» សិស្សម្នាក់ខ្ជាក់សម្ដីបែបសប្បាយចិត្តវិញព្រោះមានដំណោះស្រាយហើយ

«អឺ…ចឹងក៏បាន» លោកគ្រូតប។ ប្រហែលគាត់គិតក្នុងចិត្តថា៖ អញចាំពាក្យហ្នឹងយូរហើយហ្អាស់!!!

ពួកយើងរៀបចំកន្លែងដេក យ៉ាងសមរម្យតាមបណ្ដោយផ្លូវដើររបស់ព្រះវិហារនោះ។ ពួកយើងនៅមិនទាន់គេងនៅឡើយ។ ពួកយើងនៅជជែកគ្នា ហើយមួយសន្ទុះ អាឆាយ (នាពេលនោះមិនទាន់ល្បីឈ្មោះហ្នឹងទេ) វាបើក Laptop បង្ហាញពីផ្កាយ Time-lapse ដែលវាបានថតជូននេនតូចៗ និងក្មេងៗទស្សនា។ វាបូរបាច់ឡើងបែកពពុះមាត់។ ក្រោយមកពួកយើងក៏ងងុយហើយចូលគេង។ តែមុននឹងគេ យើងដកកាមេរ៉ាមកថត Long Exposure ក្រែងឃើញកញ្ចុំផ្កាយ Milky way ។ វាមិនផេះទេម៉ោងទើបតែជាង ១០យប់ ម្យ៉ាងមេឃមិនស្រលះល្អចឹងមាន Milky way ពីណាមក?? តែយ៉ាងណាក៏ដោយពួកយើងនៅតែថតដែរ គ្រាន់តែ Long Exposure ព្រះច័ន្ទនៅលើមេឃចោលទៅ រីឯអាឆាយវិញវាក៏មានគំនិតផស់វា គឺថត Time-lapse ព្រះច័ន្ទ។

និយាយពីលោកគ្រូវិញគាត់ចង់ថតដែរ តែគាត់ថតខុសគេ។
គាត់ប្រាប់ខ្ញុំថា៖ «ពេលគេដេកអស់ បណ្ឌិតឯងជួយដាស់ខ្ញុំផងណា!»

«ដាស់ធ្វើអីលោកគ្រូ?» ខ្ញុំសួរ

«ខ្ញុំចង់ថតមនុស្សទាំងអស់ដែលកំពុងដេក» គាត់តប

ខ្ញុំអស់ឆ្ងល់ក៏ឆ្លើយ «បាទ» ហើយពួកយើងក៏ថតបន្ត។ ថតបានពីរបីសន្លឹកខ្ញុំដេកមុនគេ អាឆាយវាដាក់កាម៉េរាចោលឱ្យថតដោយស្វ័យប្រវត្តិ។ មិនយូរប៉ុន្មានពួកយើងក៏ដេកលក់។ ខ្ញុំដេកក្បែរលោកគ្រូ អាឆាយ និងអានិនចាអណ្ដើក (ឆេងហួ) វាដេកក្បែរគ្នា។

ដួង​ច័ន្ទ​នា​រាត្រី​នោះ

ដួង​ច័ន្ទ​នា​រាត្រី​នោះ

ហើយតទៅនេះនាទីញ៉ាក់ប្លោកក៏បានចូលមកដល់…

នៅម៉ោងប្រហែល ១ ទៅ ២ ពាក់កណ្ដាលអាធ្រាត ខ្ញុំស្រាប់តែភ្ញាក់ក្រញ៉ាងដោយសារសម្លេងគួរឱ្យរន្ធត់ប្លោក។ ម៉ែកូនហ្អើយតាំងពីកើតពោះម៉ែមកខ្ញុំថាលើកហ្នឹងគឺជាលើកដំបូងក្នុងឆាកជីវិតហើយ ដែលខ្ញុំបានជួបខ្មោច។ សម្លេងនោះឮនៅនឹងត្រចៀកតែម្ដង។
ច្បាស់ណាស់វាជាសម្លេងអ្វីម្យ៉ាងដែលគេធ្លាប់ដឹងថា «សម្លេងអន្ទងព្រលឹង» ហើយបើម្ចាស់ឈ្មោះបានឮហើយ និងឆ្លើយនោះព្រលឹងគេនឹងត្រូវបានខ្មោចចាប់យកទៅបាត់ អ្នកនោះនឹងឈឺរហូតដល់ស្លាប់ជាក់ជាមិនខាន។
សម្លេងនោះដង្ហោយហៅគ្នាខ្ញុំម្នាក់ «ឆេងហួរ….ឆេងងងងង ហហហហហហហហួ….»

សម្លេងឮយ៉ាងក្រលួចកាន់​តែ​ច្បាស់ទៅៗ ខ្ញុំនេះភ្នែកបិទតែអារម្មណ៍ញ៉ាក់ប្លោកទ្រឺតៗ បើជាអ្នកវិញ ខ្ញុំថាខ្លាចមិនខុសពីខ្ញុំប៉ុន្មានទេ។ កុំចង់សាក ខ្ញុំទាយមិនឱ្យខុសឡើយ។

«ធើម៉េចចេះអញ» ខ្ញុំគិតក្នុងចិត្ត។

ចិត្តមួយចង់បង្ហើបភ្នែកមើលឱ្យដឹងការពិតថាជាស្អីឱ្យប្រាកដ ចិត្តមួយទៀតវាទាញហេតុផលថា «ហ្អែងឆ្កួតមែន? បើបើកភ្នែកឃើញនៅនឹងមុខឱ្យជ្រងោ ព្រលឹងហ្អែងលោតចេញទៅស៊ីអាចម៍បាត់មិនខាន។

ខ្ញុំគិតកម្លាចិត្តខ្លួនឯង «វាមិនស្អីទេ ស្ដាប់ម្ដងទៀតមើល» «ខ្មោចគ្មានទេលើលោកនេះ» «…..!!!»

ខ្ញុំក៏នឹកដល់លោកគ្រូគាត់ថាដាស់ផងពេលគេគេងអស់ គាត់ចង់ថតគេគេង។
ខ្ញុំក៏លូកដៃទៅរុញគាត់ទាំងភ្នែកនៅបិទនៅឡើយ «លោកគ្រូភ្ញាក់ឡើង គេដេកអស់ហើយ។ ក្រែងលោកគ្រូចង់ថតហ្អេស?»

គាត់មិនកម្រើកសោះ ដូចគល់ឈើចឹង។ បានត្រឹមតែនិយាយល្អិះល្អុះតែឯងរកស្ដាប់មិនបាន។ ដាស់ហើយដាស់ទៀតនៅតែមិនក្រោក។ គិតម៉េចចេះអញ ណាសម្លេងកាន់តែរន្ថើនយកៗ «ឆេងហួ…..ឆេងហួ….!!!!»

«អូហ៍អញ ដុតមនុស្សទាំងរស់ហើយតើ» ខ្ញុំគិត។

គិតចុះគិតឡើង ខ្ញុំក៏សម្រេចចិត្តថាជំនះវាឱ្យបាន បើកភ្នែកមើលតាម្រ៉ងទៅថាស្អី។ ឱ្យវាដឹងសខ្មៅតែម្ដងទៅវេស។ «ដ* អីហ្អា!!!!»
គ្រាន់តែបើកភ្នែក ភ្លាមខ្ញុំក្រលេកជុំវិញខ្លួន ជុំវិញកន្លែងដេក គ្មានឃើញអាខ្មោចណាហ៊ានអើតក្បាលមកសោះ។ «អញថាមែនៗ គ្មានអីសោះហ្នឹង ឆើស!» នៅជុំវិញហ្នឹងឃើញតែដើមឈើទេរទៅទេរម៉ោតាមកម្លាំងខ្យល់ ព្រះច័ន្ទរះខ្ពស់សន្លឹម ភ្លឺចិញ្ចែងចិញ្ចាច មនុស្សគ្រប់គ្នាដេកដូចគល់អុស សម្រ៉ុកឱ្យក-ឃុលចង់បែកមេឃ។

ពេលបើកភ្នែក ខ្ញុំក្រលេកទៅមើលឆេងហួមុន ព្រោះបារម្ភវាមិននៅក្បែរហ្នឹង ខ្លាចវាត្រូវគេយកទៅបាត់។ បើចឹងមែនចប់ហើយ។ បានអីបកស្រាយជាមួយម៉ែឪវាម៉េចទៅ។

តែម៉ែកូនហើយអាសម្លេងចម្លែកហ្នឹងនៅឮដដែល??? មែននៅឮមែន!! ឮកាន់តែច្បាស់ដូចមុនមិនថមថយសោះ។ ខ្ញុំក៏តាំងចិត្តក្លាហាន បែកស្លុយ ថានឹងក្រោករកមើលសិន។ ខ្ញុំក្រលេកជុំវិញខ្លួន ត្រចៀកខំផ្ទៀង នៅតែមិនឃើញអ្វីខណៈសម្លេងនៅតែដដែល ជាដដែល។
លើកនេះលែងខ្លាចហើយ ព្រោះវាគ្មានអីផង។ ខំគិត ខំផ្ទៀងមួយសន្ទុះធំ ទើបខ្ញុំអាចយល់ពីប្រភពសម្លេងនេះបាន។
ម៉ែកូនហ្អើយ សម្លេងនេះចេញពីច្រវ៉ែបមាត់អាឆាយសោះ។

អានេះវាដេកស្រម៉ុក «ឃីត ខត!!! ៗៗៗ»
តាមពិតទៅសម្លេងហ្នុងគឺនៅចុងបំផុតបន្ទាប់ពីវាសម្រ៉ុកម្ដងៗ វាមានអាខ្យល់ចុងក្រោយឱ្យក្រលួច។ និយាយពីថាដូចនោះដូច ដូចហៅឈ្មោះបេះដាក់។ ខ្ញុំចង់តែស្ទុះទៅហក់ធាក់អាប្រកាច់យ៍ហ្នឹងឱ្យបែកមាត់។ ដេកស្រម៉ុកខុសរឿង ឱ្យឯងនេះព្រលឹងចុះទៅស៊ីអាចម៍បាត់។
ដល់ក្រោយមកវាសម្រ៉ុកដល់សូរវា វាឈ្លក់ខ្យល់ វាក៏ឈប់ស្រម៉ុកមួយរយៈ។ សម្លេងញ៉ាក់ប្លោកនោះក៏បាត់ឯង។ ដូច្នេះហើយខ្ញុំក៏ច្បាស់ក្នុវចិត្ត មួយភាគមួយពាន់តែម្ដងថាច្បាស់ជាចេញពីវាហ្នឹងហើយ។

ហាហាហាហ……ចាញ់បោកអានរឿងរបស់ខ្ញុំហ្នឹងហើយមែនទេ??? រន្ធត់អត់??
ណាស់ហើយបើគ្រាន់តែនិទានឱ្យអ្នកទាំងអស់គ្នាស្ដាប់វាមើលទៅមិនរន្ធត់ទេ តែបើអ្នកបាននៅក្នុងហេតុការណ៍នោះ ខ្ញុំហ៊ានភ្នាល់ដាក់ប្លោក ថាអ្នកនឹងរន្ធត់ដូចខ្ញុំចឹង។ កុំចង់មកធ្វើឯងគ្រាន់បើអីនោះ។
សរុបមកខ្ញុំក៏នៅតែមិនច្បាស់ដដែលថាមានខ្មោច ឬអត់ដដែល។ តែដូចនិយាយចឹង ដើរជាមួយអាមួយហ្នឹង សម្បូររឿងរន្ធត់ណាស់។ ចាំមើលដំណើររបស់យើងទៅកោះកុង កំពង់ស្ពឺ និងបន្តបន្ទាប់ទៀតវាយ៉ាងណា???៕

 

ខណ្ឌ​ចប់​ដោយ​បរិបូរណ៍

រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ​គឺ លោក​គ្រូ​ ភីឡុង អា​ឆាយ ខ្ញុំ និងអា​និន​ចារ​អណ្ដើក។ ពួក​យើង​មាន​ក៏មាន​ងារ​ផ្សេង​មួយ​ទៀត​គឺ គ្រូថាំង​ចេង អ៊ូខុង ប៉ាចេ និង​ច​សា​ចេ​ ដែរ។

រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ​គឺ លោក​គ្រូ​ ភីឡុង អា​ឆាយ ខ្ញុំ និងអា​និន​ចារ​អណ្ដើក។ ពួក​យើង​មាន​ក៏មាន​ងារ​ផ្សេង​មួយ​ទៀត​គឺ គ្រូថាំង​ចេង អ៊ូខុង ប៉ាចេ និង​សា​ចេ​ ដែរ។

 

02/14/11
us

៥ឆ្នាំមុន!!

ដូចពាក្យគេថា “Time flies” ពេលវាលាដើរទៅមុខលឿនដូចព្យុះ ដើរហើយគ្មានងាកក្រោយអ្វីបន្តិចសោះឡើយ។ មកទល់ថ្ងៃនេះ ១៤ ខែកុម្ភះ ឆ្នាំ ២០១១​រយៈពេល ៥ឆ្នាំហើយដែលយើងស្រលាញ់គ្នា។ នឹកដល់កាលថ្ងៃនោះ ១៤ កុម្ភះ ឆ្នាំ ២០០៦ ខ្ញុំបានសុំស្នេហ៍ប្រពន្ធទាំងអៀនៗ ។ បើនិយាយពីរឿងសុំ​សេ្នហ៍គេ អាឌិត ខ្ញុំកាលណោះជាលើកទីមួយហើយ។ តែសូមជំរាបមិនមែនសុំង៉ៃទី ១៤ បានចំលើយថា Yes ង៉ៃហ្នឹងទេណា។ នាងមិនមែនចិត្តងាយ​ឯណា។ ទាល់តែ៥ថ្ងៃក្រោយមកទើបខ្ញុំបានទទួលចំលើយថា អូឃេ។ និយាយដល់រឿងប្តីប្រពន្ធសុភាសិតចិននិយាយថា “សាងបុណ្យជាមួយគ្នា ១០ជាតិបានធ្វើជាមិត្តភក្តិ  ១០០ជាតិបានធ្វើជាបងប្អូន ១០០០ជាតិបានធ្វើជាប្តីប្រពន្ធ”  រីឯងកំណាព្យចិនវិញ “ទឹកហូក្រោមស្ពាន ដកដាវកាត់ទឹក ទឹកនៅតែហូរ …..(កំណាព្យចិនចឹងឯងគ្មានកន្លែងជួនទេ)” ។ ពេលវាលាទៅលឿនមែន វត្ថុគង់ប្រែប្រួល ចុះមនុស្ស?? ណាស់ហើយកុំឲ្យវែងឆ្ងាយ ថ្ងៃនេះមកគឹគ្រាន់តែចង់បង្ហាញរូបភាព ខ្លះដែលបញ្ជាក់ថាវត្ថុគង់ប្រែប្រួល តែមនុស្សប្រហែលជាមិនខុសគ្នាដែរទេមើលទៅ។